ត្រូវគិតអ្វីខ្លះមុននឹងជួលការិយាល័យ
ប្រសិនបើអ្នកគឺជាម្ចាស់អាជីវកម្ម ហើយចង់ផ្លាស់ប្ដូរការិយាល័យថ្មី សំនួរសំខាន់ថាតើគួរទិញកន្លែងការិយាល័យឬជួលកន្លែងដែលមានស្រាប់។ វាពិតជាមានគុណសម្បត្តិនឹងគុណវិបត្តិដែលយើងត្រូវគិតពិចារណា។
បច្ចុប្បន្នយើងសង្កេតឃើញ ក្រុមហ៊ុនមួយចំនួនបានផ្លាស់ប្ដូរទីតាំងការិយាល័យធ្វើការ នៅជា ផ្ទះល្វែងឬផ្ទះវីឡា ហើយងាកចាប់អារម្មណ៍មកជួលទីតាំងការិយាល័យនៅអគារពាណិជ្ជកម្ម។ ទីកន្លែងការិយាល័យ ផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនទៀតសម្រាប់អ្នកជួលការិយាល័យ ដោយសារតែមានសន្តិសុខ ២៤ ម៉ោង កន្លែងចតរថយន្ត និងមានក្រុមហ៊ុនជាច្រើន នៅខាងក្នុងអគារដែលអាចធ្វើឲ្យការទំនាក់ទំនងកាន់ តែច្រើនបន្ថែមទៀត។ ការជួលការិយាល័យ មានភាពងាយស្រួលនិងសាកសមសម្រាប់អង្គភាព ឬអាជីវកម្មទើបចាប់ផ្តើមថ្មី។
អ្នកស្រី គឹម គិនកេសា នាយិការងផ្នែកស្រាវជ្រាវ និងប្រឹក្សា នៃ CBRE Cambodia បានបញ្ជាក់ថា ខណ្ឌដែលមានការផ្គត់ផ្គង់ការិយាល័យច្រើនជាងគេនៅរាជធានីភ្នំពេញ គឺខណ្ឌចំការមន ដូនពេញ និងទួលគោក។ អ្នកស្រីបានបន្តទៀតថា កត្តាដែលធ្វើអោយខណ្ឌទាំងនេះមានការអភិវឌ្ឍអគារការិយាល័យច្រើន គឺដោយសារខណ្ឌទាំងនេះមានទីតាំងនៅចំកណ្ដាលរាជធានី និងជាខណ្ឌដែលមានសកម្មភាពពាណិជ្ជកម្មច្រើនជាងគេ។
អាជីវកម្មចាំបាច់ត្រូវតែមានការិយាល័យដើម្បីមើលទៅអាជីវកម្មនោះមានស្ថេរភាព ហើយវាក៏បានផ្ដល់នូវសេចក្ដីទុកចិត្តដល់អតិថិជន។ ដូច្នេះថាតើយើងត្រូវគិតអ្វីខ្លះមុខនឹងធ្វើការសម្រេច ចិត្តជួលការិយាល័យ
ខ្ទង់ចំណាយ
ជំហានដំបូងគឺត្រូវគិតពិចារណាថាតើក្រុមហ៊ុនរបស់យើងមានតម្រូវការរយះពេលជួលឬអាចចំណាយខ្ទង់ប៉ុន្មាន។ ជាការពិតការបើកការិយាល័យគឺត្រូវការចំណាយច្រើនរួចទៅហើយ ក្នុងនោះក៏ត្រូវចំណាយជាច្រើនផ្សេងទៀតដូចជា ទឹក អគ្គីសនី និងចំណតជាដើម។ ហេតុដូចនេះយើងត្រូវផ្អែកលើការ គណនាសម្រាប់ថវិការទាំងអស់ដែលត្រូវចំណាយ ដោយឈរលើមូលដ្ឋាននៃដំណើរអាជីវកម្មជារៀងរាល់ខែ។
ទីតាំងដ៏ត្រឹមត្រូវ
ការស្វែងរកនិងជ្រើសរើសតំបន់ណាដែលសាកសមនឹងអាជីវកម្មរបស់យើងដើម្បីជួលការិយាល័យ។ ការជ្រើសរើសតំបន់និងការិយាល័យណាដែលមានតម្លៃថោកគឺជារឿងដ៏ល្អ លើសពីនេះក៏ត្រូវគិតលើភាពងាយស្រួល ក្នុងការធ្វើដំណើរសម្រាប់ចូលទៅធ្វើការ និងងាយស្រួលដល់អតិថិជនធ្វើដំណើរនិងស្វែករក។
លិខិតធានាហិរញ្ញវត្ថុ
ទោះបីជាយើងមានលុយច្រើនក្នុងការជួលឬទិញការិយាល័យប៉ុន្តែម្ចាស់អចលនទ្រព្យត្រូវការឯកសារដែលពាក់ព័ន្ធ ដើម្បីធានានូវកិច្ចសន្យាជួលប្រកបដោយសុវត្ថិភាពជាមួយក្រុមហ៊ុនរបស់យើង។ ដូច្នេះអ្វីដែលយើងត្រូវការគឺលិខិតបញ្ជាក់ពីធនាគារដើម្បីបង្ហាញថាក្រុមហ៊ុនរបស់យើងអាចទូទាត់ថ្លៃជួលក្នុងកិច្ចសន្យាទាំងអស់បាន។
លោកអ្នកអាចស្វែងទិញ លក់ ជួលអចលនទ្រព្យជាង40,000 តាមរយៈគេហទំព័រ ឬកម្មវិធីក្នុងទូរស័ព្ទរបស់ Harbor Property ដោយសេរីនិងឥតគិតថ្លៃ៕