News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

​វិស័យសំណង់ រំពឹងងើបឡើងវិញ ក្នុងអត្រា ៣% នៅក្នុងឆ្នាំ២០២២


វិស័យសំណង់ រំពឹងថា នឹងងើបឡើងវិញ ក្នុងអត្រា ៣% នៅក្នុងឆ្នាំ២០២២នេះ ដោយសារកំណើនការផ្ដល់ឥណទានលើវិស័យសំណង់ បានបន្តកើនឡើង ស្របពេលដែលរាជរដ្ឋាភិបាល បាននឹងកំពុងបន្តតាមដាន និងដាក់ចេញគោលនយោបាយ អន្តរាគមន៍ ឱ្យបានទាន់ពេលវេលា សំដៅបញ្ជៀសហានិភ័យដែលអាចកើតមានឡើង។ នេះបើតាមព្រឹត្តិបត្រសិ្ថតិសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ប្រចាំត្រីមាសទី១​ ឆ្នាំ២០២២។

 

នៅត្រីមាសទី១ឆ្នាំ២០២២ ការអនុម័តលើសំណើរគម្រោងសាងសង់ សរុបមានចំនួន ១០០១ គម្រោង បានធ្លាក់ចុះ ៦៥គម្រោងស្មើនឹង៦,១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។  ដោយឡែកក្នុងត្រីមាសទី១ឆ្នាំ២០២២ មានគម្រោងប្រភេទសំណង់សាធារណៈ មាន១១គម្រោង​ សំណង់លំនៅឋាន ភូមិគ្រិះមាន៩២១គម្រោង សំណង់ពាណិជ្ជកម្មចំនួមាន៣៥គម្រោង សំណង់ឧស្សាហកម្មមានចំនួន២៧គម្រោង និងសំណង់ទេសចរណ៏មាន៧គម្រោង។

បើតាមព្រឹតិ្តបត្រសិ្ថតិសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ក្នុងត្រីមាសទី១​ ឆ្នាំ២០២២ កំណើនការផ្តល់ឥណទានលើវិស័យសំណង់ សរុបប្រមាណ15,967.91 ប៊ីលានរៀល មានការកើនឡើង 21.5% បើធៀបក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១។

រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តនិងតាមដាន ដោយដាក់ចេញគោលនយោបាយនានា ដើម្បីអន្តរាគមន៍ឲ្យបានទាន់ពេលវេលា កុំឲ្យមានហានិភ័យកើតមានឡើង។​ ជាក់ស្តែងស្ថានភាពជំងឺកូវីដ នៅក្នងប្រទេសមិនមានករណីឆ្លងក្នុងរយៈពេល៥២ថ្ងៃ គិតត្រឹមថ្ងៃទី២៨​ ខែមិថុនា ឆ្នាំ២០២២។ ក្នុងនោះ វិស័យសំណង់និង អចលនទ្រព្យ បានចូលរួមចំណែកធ្វើឲ្យសេដ្ឋកិច្ចរឹងមាំ ក្នុងការទប់ស្កាត់កុំឲ្យសេដ្ឋកិច្ច ធ្លាក់ចុះលឿន ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩។

 

គួរបញ្ជាក់ថា ការអូសបន្លាយនៃសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានធ្វើឱ្យតម្លៃប្រេងសាំងឡើងថ្លៃយ៉ាងគំហុក ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃដឹកជញ្ជូនកើនឡើងខ្ពស់។ កត្តានេះបានជំរុញឱ្យទំនិញស្ទើរគ្រប់មុខឡើងថ្លៃ ក្នុងនោះដែរ ដែក និងសម្ភារៈសំណង់ ដែលភាគច្រើនជាទំនិញនាំចូលពីក្រៅប្រទេស បម្រើឱ្យវិស័យសំណង់ក៏បានកើនឡើងផងដែរ។ ហេតុដូចនេះកំណើនវិស័យអចលនទ្រព្យនៅកម្ពុជា ក្នុងឆ្នាំ២០២២ យឺតជាងឆ្នាំ២០២១។

ប្រភព: Harbor Property