មជ្ឈមណ្ឌលពាណិជ្ជកម្មនិងពិព័រណ៍ថ្មីមួយទៀតនឹងបង្ហាញខ្លួននៅក្នុងខណ្ឌសែនសុខ
មជ្ឈមណ្ឌលពាណិជ្ជកម្មនិងពិព័រណ៍ថ្មីមួយទៀតនឹងបង្ហាញខ្លួននៅក្នុងខណ្ឌសែនសុខ
ដោយរ៉ា ណេត
ភ្នំពេញ៖ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍លំដាប់អន្តរជាតិថ្មីមួយទៀត នឹងបង្ហាញខ្លួនៅតាមមហាវិថីហាណូយ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទីដែលមជ្ឈមណ្ឌលពាណិជ្ជកម្ម និងសំណង់បុរីលំនៅដ្ឋានបានរីកចម្រើនយ៉ាងលឿន ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។
បច្ចុប្បន្ននេះ បានក្លាយជាតំបន់ដែលមានប្រជាប្រិយភាព លើវិស័យលំនៅដ្ឋានកម្រិតមធ្យម និងកម្រិតខ្ពស់ ស្របពេលដែលកំណើនប្រជាសាស្ត្របានចូលទៅរស់នៅកាន់តែច្រើន រួមជាមួយនឹងវត្តមាននៃផ្សារទំនើបនានាផងដែរ។ បន្ថែមពីនេះ នៅត្រឹមដើមឆ្នាំ២០២០ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ថ្មីមួយទៀតនឹងចាប់ដំណើរការ ដែលកាន់តែជួយជំរុញ ឱ្យតំបន់ភាគខាងជើងរាជធានីភ្នំពេញមួយនេះ កាន់តែមានសក្ដានុពលខ្លាំងថែមទៀត។
មជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ថ្មីមួយទៀត ដែលមានឈ្មោះថា B2B Park មានទីតាំងស្ថិតនៅបណ្តោយផ្លូវហាណូយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ នឹងចាប់ផ្តើមដំណើរការដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន។
លោក ព្រឿង វិបុល ប្រធានផ្នែកជួលទីតាំងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ B2B Park ដែលគ្រោងនឹងដំណើរការនៅពេលឆាប់ៗខាងមុខនេះ បានបង្ហើបឱ្យដឹងថា គម្រោងមួយនេះ ត្រូវបានវិនិយោគដោយអ្នកជំនួញក្នុងស្រុកសុទ្ធសាធ និងផ្តោតសំខាន់ទៅលើអតិថិជនកម្រិតធម្យម។ លោកបានបន្តឱ្យដឹងទៀតថា ជាមួយនឹងកិច្ចចាប់ផ្តើមដំណើរការនៅដើមឆ្នាំ២០២០ខាងមុខនេះ មជ្ឈមណ្ឌល B2B Park ដែលស្ថិតនៅលើផ្ទៃដីទំហំជាង២៣០០០ ម៉ែត្រការ៉េ ត្រូវបានបែងចែកជាផ្នែកផ្សេងៗពីគ្នាច្រើន ដើម្បីតម្រូវទៅតាមសេចក្ដីត្រូវការរបស់អតិជន រួមមានដូចជាជាន់សម្រាប់លក់ទំនិញ និងផលិតផលប្រើប្រាស់ទូទៅ ជាន់លក់សម្ភារៈ និងឧបករណ៍ប្រើប្រាស់អេឡិចត្រូនិច ជាន់សម្រាប់ពិព័រណ៍ផលិតផល ជាន់សម្រាប់ជួលជាការិយាល័យ ; ជាន់លក់ម្ហូបអាហារ និងភេសជ្ជៈចំរុះ និងជាន់ Sky Bar។
បន្ថែមពីនេះ B2B Park ក៏មានការរោងកុនទំនើប កន្លែងអង្គុយលំហែរកាយ និហងទេសចរណ៍កម្សាន្ត ជាមួយនឹងសួនច្បារដ៏ស្រស់ស្អាតយ៉ាងធំទូលាយ។ ជាមួយនឹងការត្រៀមខ្លួនចាប់ដំណើរការនៅពេលខាងមុខនេះ លោកបានបង្ហាញពីភាពជឿជាក់ថា នឹងទទួលបានការគាំទ្រ ពីសំណាក់អតិថិជនច្រើនជាក់ជាមិនខាន ដោយសារតែចំណែកទីផ្សារ ដែលស្ថិតនៅក្នុងគោលដៅរបស់មជ្ឈមណ្ឌល B2B Park មិនបានប្រកួតប្រជែងជាមួយបណ្តាផ្សារទំនើបដែលមានស្រាប់នោះទេ។
នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia លោកស្រីអាន សុធីតាបានថ្លែងថា នៅតំបន់ខាងលើនេះ មានភាពទាក់ទាញខ្លាំង និងមានតម្រូវការបញ្ជាទិញខ្ពស់។ លោកស្រីបានបន្តទៀតថា បច្ចុប្បន្ននេះ បើទោះជាមានផ្សារទំនើបច្រើនក៏ពិតមែន ប៉ុន្តែវានៅតែទាមទារឱ្យមានផ្សារទំនើបបន្ថែមទៀត ដែលមានការផ្គត់ផ្គង់ផលិតផលផ្សេងៗគ្នា មិនមែនជាការប្រកួតប្រជែង។
លោកស្រីបានបញ្ជាក់ថា “នៅក្នុងខណ្ឌសែនសុខនាពេលបច្ចុប្បន្ននេះ ចំនួនផ្សារទំនើបនៅមិនទាន់លើសតម្រូវការនោះទេ ហើយកម្លាំងនៃការបញ្ជារទិញនៅតែបន្តមានកំណើន”៕
The post មជ្ឈមណ្ឌលពាណិជ្ជកម្មនិងពិព័រណ៍ថ្មីមួយទៀតនឹងបង្ហាញខ្លួននៅក្នុងខណ្ឌសែនសុខ appeared first on Best Real Estate News in Cambodia.
Source: Real Estate – property area