តំបន់ត្រើយខាងកើតកំពុងទាក់ទាញគម្រោងសាងសង់អគារខុនដូជាច្រើន
តំបន់ត្រើយខាងកើតកំពុងទាក់ទាញគម្រោងសាងសង់អគារខុនដូជាច្រើន
ដោយ វុត្ថា
ភ្នំពេញ៖ តំបន់ត្រើយខាងកើតនៃខណ្ឌជ្រោយចង្វារបាននិងកំពុងទាក់ទាញគម្រោងសាងសង់ខុនដូខ្ពស់ៗ ជាច្រើន ជាពិសេសតំបន់ត្រើយសណ្ឋាគារសុខា ពីព្រោះតំបន់នេះជាទីតាំងល្អ និងផ្តល់នូវទិដ្ឋភាព និងអាចគយគន់ទេសភាពយ៉ាងស្រស់បំព្រងនៅជុំវិញ។
កញ្ញា គឹម គិនកេសា អ្នកស្រាវជ្រាវជាន់ខ្ពស់របស់ក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ CBRE បានឱ្យដឹងតាមទូរស័ព្ទនៅថ្ងៃទី ១៣ ខែកញ្ញាឆ្នាំ ២០១៩ នេះថា ក្នុងរយៈពេល ២ ទៅ ៣ កន្លងមកនេះ ក្រុមហ៊ុនអភិវឌ្ឍន៍ជាច្រើនបានចាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យខុនដូនៅក្នុងតំបន់នេះ មិនចាញ់នៅក្នុងទីក្រងភ្នំពេញឡើយ ព្រោះតំបន់នេះ កៀកនឹងភ្នំពេញដែលអាចចំណាយពេលធ្វើដំណើរមកភ្នំពេញត្រឹមតែរយៈពេល ១០ នាទី តែប៉ុណ្ណោះ។
កញ្ញាបន្តថា បើពិនិត្យជាលក្ខណៈទូទៅ តំបន់ជ្រោយចង្វារគឺ អំណោយផលជាតំបន់លំនៅឋាន ដូចជាខុនដូ និងអាផាតមិនច្រើនជាងអគារពាណិជ្ជកម្ម ឬ អគារការិយាល័យជាដើម ដោយក្នុងនោះមានឃើញតែអគារការិយាល័យតែមួយគត់គឺនៅក្នុងតំបន់ទីក្រុងរណប OCIC។
តែបើពិនិត្យមើលមកតំបន់ជ្រោយសុខា សំបូរតែអគារបែបលំនៅឋានប៉ុណ្ណោះ ព្រោះជាទំនោរបស់ទីតាំង។កញ្ញាបន្ថែមថា ក្នុងរយៈពេល ៣ ឬ ៤ ឆ្នាំកន្លងមកនេះ តំបន់ត្រើយខាងនៃខណ្ឌជ្រោយចង្វារនេះ មានការរីកចំរើនខ្លំាងមែនទែនជាពិសេសអគារខុនដូ និងអាផាតមិន ដោយក្នុងនោះ មានគម្រោងអគារចុងក្រោយគេ និងធំបំផុតគឺអគារខុនដូ La Vista One ដែលមាន ១០០០យូនីត ដែលទទួលបានប្រជាប្រិយភាពច្រើនពីអ្នកទាញទិញជាជនជាតិខ្មែរ។
កញ្ញាព្យាករណ៍ថា ក្នុងរយៈពេល ៥ ឆ្នាំទៅមុខទៀត តំបន់ត្រើយខាងកើននៃខណ្ឌជ្រោយចង្វារទទួលបានការរីកចំរើនបន្ថែមទៀត ទាំងវិស័យខុនដូ លំនៅឋាន និងអាផាតមិនដោយសារតែមានគម្រោងអភិវឌ្ឍទីក្រុងរណបរបស់ក្រុមហ៊ុន OCIC មានទាំងផ្សារ កន្លែងកម្សាន្ត អគារការិយាល័យ និងមានអគារសាលពិព័រណ៍ដ៏ធំជាដើមនឹងជំរុញឱ្យមនុស្សទៅរស់នៅក្នុងតំបន់នេះកាន់តែច្រើនថែមទៀត។
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោកម៉េត មាសភ័ក្តី ធ្លាប់បានមានប្រសាសន៍ថា តំបន់ជ្រោយចង្វារត្រូវបានចាត់់ចូលជាតំបន់លំនៅដ្ឋាន នៅក្នុងផែនការអភិវឌ្ឍន៍ក្រុងភ្នំពេញឆ្នាំ២០១៥ ២០៣០ ដែលបានអនុម័តកាលពីឆ្នាំ២០១៥ដោយប្រមុខរដ្ឋាភិបាល។
លោកបន្តថា “វាស័ក្តិសមជាតំបន់លំនៅដ្ឋាន ដោយសារតំបន់់នេះមានទន្លេព័ទ្ឋជុំវិញ ដែលអំណោយផលដល់ការរស់នៅ ព្រោះមានខ្យល់អាកាសចេញចូលប្រកបដោយផាសុខភាព”។ លោកបន្តថា “អាជ្ញាធរក្រុងនឹងមិនអនុញ្ញាត្តឲ្យមានរោងចក្រ សហគ្រាសវិនិយោគនៅតំបន់នេះទេ”។
បច្ចុប្បន្ននេះ គេឃើញមានគម្រោងអគារខុនដូធំៗចំនួន បីក្នុងចំណោយអគារខុនដូផ្សេងទៀត ដែលធ្វើឱ្យតំបន់ជ្រោយចង្វារកាន់តែមានភាពលេចធ្លោ និងស៊ីវិល័យនៅពេលដែលគម្រោងអគារទាំងអស់នោះសាងសង់រួច។
គម្រោងអគារធំៗ ទាំងបីនោះមានដូចជា ១) អគការ La Vista One ជាគម្រោងខុនដូដែលមានកម្ពស់ ៤១ ជាន់ មានទីតាំងស្ថិតនៅខណ្ឌ ជ្រោយចង្វារ ។ ២) អគារ Morgan Enmaison ជាគម្រោងខុនដូ ដ៏ប្រណិតមួយដែលមានទីតាំងនៅតាមដងទន្លេមេគង្គខណ្ឌជ្រោយចង្វារ ។ និង ៣)អគារ Wealth Mansion ជាគម្រោងខុនដូដ៏ប្រណិតមួយដែលមានកម្ពស់ ១៦៦ ម៉ែត្រ និងខ្ពស់ជាងគេនៅតំបន់ជ្រោយចង្វារ ព្រមទាំងមានទេសភាពទន្លេសាប និងទន្លេមេគង្គព័ន្ធជុំវិញផងដែរ៕
The post តំបន់ត្រើយខាងកើតកំពុងទាក់ទាញគម្រោងសាងសង់អគារខុនដូជាច្រើន appeared first on Best Real Estate News in Cambodia.
Source: Real Estate – property area