មជ្ឈមណ្ឌលពាណិជ្ជកម្មកប់ពពកនៃគម្រោង Olympia City បាននិងកំពុងសាងសង់យ៉ាងសកម្ម
មជ្ឈមណ្ឌលពាណិជ្ជកម្មកប់ពពកនៃគម្រោង Olympia City បាននិងកំពុងសាងសង់យ៉ាងសកម្ម
ដោយគង់ សូរិយា
ភ្នំពេញៈ មជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលជាអាគារមេនៃគម្រោង Olympia City បាននិងកំពុងសាងសង់យ៉ាងសកម្ម ដែលរហូតមកទល់ពេលនេះ ការសាងសង់អាគារទាំងពីរសម្រេចបាន១២ជាន់ហើយ។
ប្រធានគំរោង Olympia City នៃក្រុមហ៊ុន OCIC លោកម៉េង ចំរើនបានមានប្រសាសន៍ឲ្យដឹងតាមនទូរស័ព្ទនាព្រឹកថ្ងៃទី៣ តុលានេះថា ការសាងសង់អាគារមេនៃមជ្ឈមណ្ឌល Olympia City ដែលមានកំពស់រហូតដល់៥៥ជាន់ សម្រេចបាន ១២ជាន់រួចហើយ។ ចំណែកអាគារមួយទៀត ដែលនឹងប្រើប្រាស់ជាសណ្ឋាគារផ្កាយ៥ កំពស់៣៨ជាន់ក៏សម្រេចបាន ១០ជាន់ផងដែរ។
លោកបន្តថា “អាគារមេខ្ពស់ជាងគេនេះ នឹងប្រើប្រាស់ជាការិយាល័យប្រភេទ SOHO ដែលមានន័យថាជាលំនៅដ្ឋានផង និងអាចប្រើប្រាស់ជាការិយាល័យធ្វើការផង”។លោកបន្តថា “គំរោងនេះនឹងបញ្ចប់រយៈពេល៣៦ខែខាងមុខនេះ ប្រសិនជាគ្មានការប្រែប្រួលទេនោះ ប៉ុន្តែល្បឿននៃការសាងសង់ នឹងធ្វើឲ្យយើងអាចសម្រេចបានតាមផែនការនេះ”។
Olympia City ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋានធំជាងគេនៅកណ្តាលរាជធានីភ្នំពេញ ដែលបាននិងកំពុងវិនិយោគដោយក្រុមហ៊ុន OCIC។
បើតាមលោកទូច សំណាងអគ្គនាយករងក្រុមហ៊ុន OCIC បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះផងដែរថា Olympia City គ្រោងចំណាយប្រាក់ប្រមាណ៥០០លានដុល្លារលើផ្នែកសំណង់ ដែលទំហំទឹកប្រាក់នេះ មិនរាប់បញ្ចូលតម្លៃដីនៅតំបន់នេះនៅឡើយទេ។
លោកបន្តថា “គំរោងនេះទទួលបានភាពជោគជ័យ ដោយសារទីតាំងស្ថិតនៅកណ្តាលក្រុងភ្នំពេញ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ ពិសេសទស្សនទាននៃការអភិវឌ្ឍធ្វើឡើង ស្របតាមស្ថានភាពនៃការអភិវឌ្ឍតាមស្តង់ដាបៃតង និងគិតគូដល់បរិស្ថាន”។ លោកបន្តថា “គំរោងនេះជាគំរោងប្រើប្រាស់ចម្រុះ វាប្រៀបដូចជាទីក្រុងមួយដែលមានអ្វីៗសព្វបែបយ៉ាងនៅទីនេះ រាប់ទាំងលំនៅដ្ឋាន ផ្សារទំនើប កន្លែងហាត់ប្រាក់ អាងហែលទឹក ក្លឹបកំសាន្តជាដើម”៕
The post មជ្ឈមណ្ឌលពាណិជ្ជកម្មកប់ពពកនៃគម្រោង Olympia City បាននិងកំពុងសាងសង់យ៉ាងសកម្ម appeared first on Best Real Estate News in Cambodia.
Source: Real Estate – property area