សណ្ឋាគារលំដាប់ផ្កាយ៥ ថ្មីមួយទៀតក្រោមទុនវិនិយោគជិត១០៨លានដុល្លារនឹងបង្ហាញវត្តមាននៅខេត្តព្រះសីហនុ
សណ្ឋាគារលំដាប់ផ្កាយ៥ ថ្មីមួយទៀតក្រោមទុនវិនិយោគជិត១០៨លានដុល្លារនឹងបង្ហាញវត្តមាននៅខេត្តព្រះសីហនុ
ដោយ ៖ ប៊ី
ព្រះសីហនុ ៖ គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ថ្មីមួយទៀតក្រោមទុនវិនិយោគជិត១០៨លានដុល្លារ នឹងបង្ហាញវត្តមាននៅខេត្តព្រះសីហនុ។ នេះបើយោងតាមគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃនេះ។
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន “YONG WANG (CAMBODIA) CO., LTD.” ក្នុងការសាងសង់សណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន ៧០០ បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ១០៧,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៥៨កន្លែង។
លោក ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ បានឱ្យដឹងកាលពីពេលថ្មីៗនេះថា តាមផែនការ និងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មរបស់រាជរដ្ឋាភិបាលឆ្នាំ២០១៥-២០២៥ នឹងប្រែក្លាយខេត្តព្រះសីហនុឱ្យទៅជាតំបន់សេដ្ឋកិច្ចពហុបំណង។
លោកបន្តថា “រដ្ឋាភិបាលនឹងរៀបចំឱ្យមានតំបន់រដ្ឋបាល តំបន់ពាណិជ្ជកម្ម តំបន់ស្នាក់នៅ និងតំបន់ទេសចរណ៍ ដែលនឹងប្រែក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិ ក្នុងតំបន់អាស៊ាន (Green Toursm Zone in Asian) ពោលគឺវាមានលក្ខណៈប្រទាក់ក្រឡាគ្នា ដោយជាក់ស្តែងខេត្តព្រះសីហនុ កំពុងអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធស្រាប់តាមផែនការរបស់យើងក្នុងការជំរុញដល់ការអភិវឌ្ឍ។
លោកថ្លែងថា“យើងនឹងធ្វើឱ្យតំបន់នោះក្លាយជាតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅទូទាំងខេត្ត…ពីមុនមកយើងជ្រើសរើសតំបន់ ឧទាហរណ៍ថា តំបន់សេដ្ឋកិច្ចស្ទឹងហាវ និងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុជាដើម ប៉ុន្តែឥឡូវអត់ទេ នៅទូទាំងខេត្តព្រះសីហនុ នឹងក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសទាំងអស់”។
លោក ហេង សុខគង់ បានបន្តទៀតថា “ដូច្នេះនៅពេលអ្នកវិនិយោគទៅដាក់ទុនវិយោគនៅកន្លែងណា ក៏ទទួលបាន QIP (Qualify Investment Project) ពីក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាផងដែរ ក្នុងការនាំចូលវត្ថុធាតុដើម និងក្នុងការនាំចូលគ្រឿងចក្រ និងគ្រឿងម៉ាស៊ីនជាដើមដោយរួចពន្ធ…និយាយជារួមក្នុងខេត្តមួយនេះ នឹងក្លាយជាតំបន់សេដ្ឋកិច្ចពិសេសទាំងអស់”។
រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក វង្ស៊ី វិស្សុត ធ្លាប់បានឱ្យដឹងថា ដើម្បីជួយឱ្យខេត្ដព្រះសីហនុ មានសន្ទុះនៃការរីកចម្រើនខ្លាំង រាជរដ្ឋាភិបាលបានដាក់វិធានការមួយចំនួន ក្នុងនោះរួមមាន ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំផែនការមេ (Master Plan) សម្រាប់អភិវឌ្ឍន៍ខេត្ដព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ដូចទៅនឹងទីក្រុងសិនជិន របស់ប្រទេសចិនដូច្នេះដែរ។
លោកបន្ដថា “សម្ដេចតេជោ នាយករដ្ឋមន្ដ្រីកម្ពុជា បានដាក់ចេញនូវគោលនយោបាយយ៉ាងច្បាស់លាស់មួយ ឱ្យខេត្ដព្រះសីហនុក្លាយទៅជាខេត្ដសេដ្ឋកិច្ចពិសេស ដោយមិនពឹងផ្អែកទៅលើល្បែងស៊ីសងនោះឡើយ គឺផ្អែកទៅលើការធ្វើឧស្សាហកម្ម សេវាកម្ម ខាងផ្នែកបច្ចេកវិទ្យាទេសចរណ៍”។
លោក វង្ស៊ី វិស្សុត ថ្លែងបន្តថា “យើងកំពុងធ្វើ Master Plan (ផែនការមេ) ជិតរួចហើយ ដែលយើងជួលអ្នករៀបចំ Master Plan ឱ្យទីក្រុងសិនជិន ប្រទេសចិន មកធ្វើតែម្ដង ដែលរៀបចំជាតំបន់ពិសេសពហុបំណង ក្លាយជាប៉ូលសេដ្ឋកិច្ចមួយដ៏ខ្លាំង ពោលជាតំបន់សេដ្ឋកិច្ចមួយ ដែលបម្រើដល់មូលដ្ឋាននាំចេញផលិតផលសម្រេចរបស់កម្ពុជា”។
លោករដ្ឋលេខាធិការរូបនេះបានបញ្ជាក់ទៀតថា គម្រោងអភិវឌ្ឍន៍ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេស គឺដឹកនាំដោយផ្ទាល់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលជាគម្រោងថ្នាក់ជាតិ ហើយមានឧបនាយករដ្ឋមន្ដ្រី២រូប ទទួលខុសត្រូវ៕
The post សណ្ឋាគារលំដាប់ផ្កាយ៥ ថ្មីមួយទៀតក្រោមទុនវិនិយោគជិត១០៨លានដុល្លារនឹងបង្ហាញវត្តមាននៅខេត្តព្រះសីហនុ appeared first on Best Real Estate News in Cambodia.
Source: Real Estate – property area