រដ្ឋផ្ដល់ជូនដី ៦៥០០ឡូតិ៍ នៅរុនតាឯក ដល់ប្រជាពលរដ្ឋដែលបានរុះរើសំណង់ខុសច្បាប់តំបន់អង្គរ!
កាលពីពេលថ្មីៗនេះ ក្រោយពីបានរកឃើញថា មានសំណង់ខុសច្បាប់ជាង ៨ពាន់ករណី នៅតំបន់រមណីយដ្ឋានអង្គរ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានចេញសេចក្ដីប្រកាស ត្រូវរុះរើចេញជាបន្ទាន់ដោយផ្ទាល់ខ្លួន ហើយរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា បន្តចាត់វិធានការទប់ស្កាត់ ការសាងសង់ រុះរើសំណង់ខុសច្បាប់ ហាមឃាត់ការទិញលក់ដីនិងផ្ទះគ្រប់ប្រភេទ និងមិនផ្ដល់លិខិតគតិយុត្តផ្សេងៗ នៅក្នុងតំបន់រមណីយដ្ឋានអង្គរជាដាច់ខាត។
ឯកឧត្តមបន្តថា៖ «ចំពោះប្រជាពលរដ្ឋ រស់នៅក្នុងតំបន់១និងតំបន់២នៃរមណីយដ្ឋានអង្គរ ដែលគ្រប់គ្រងដោយ អាជ្ញាធរជាតិអប្សរា ជាយូរមកហើយនោះ គឺពួកគាត់មានសិទ្ធិរស់នៅបន្តដោយគ្មានការបណ្ដេញ ឱ្យចាកចេញឡើយ ក៏ប៉ុន្តែការធ្វើផ្ទះថ្មីជំនួសផ្ទះចាស់ ឬក៏ការជួសជុលផ្ទះត្រូវតែសុំការអនុញ្ញាតពី អាជ្ញាធរជាតិអប្សរា»។
ដោយឡែក ដើម្បីដោះស្រាយចំពោះមុខ ឯកឧត្តម បានរៀបចំដី ៦៥០០ឡូតិ៍ នៅរុនតាឯក សម្រាប់ប្រជាពលរដ្ឋដែលបានរុះរើសំណង់ខុសច្បាប់ស្ថិតនៅតំបន់រមណីយដ្ឋានអង្គរ។ យ៉ាងណាក៏ដោយ ការផ្ដល់ជូនដីនេះ ត្រូវស្ថិតតាមលក្ខខណ្ឌច្បាស់លាស់ ហើយត្រូវធ្វើឡើងតាមរយៈការចាប់ឆ្នោត ដោយមិនគិតអ្នកមកមុន ឬក្រោយនោះឡើយ។
គួរបញ្ជាក់ផងដែរថា ការរុះរើសំណង់ខុសច្បាប់តំបន់អង្គរនេះ តែចំពោះប្រជាពលរដ្ឋដែលបានសង់សំណង់ស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងទំហំ ៤០១គីឡូម៉ែត្រ។ តំបន់ទាំងនេះ ចាត់ទុកជាសម្បត្តិសាធារណៈ ដោយត្រូវរក្សាការពារដាច់ខាត មិនអាចកាត់ឆ្វៀលបានឡើយ៕