វិស័យទេសចរណ៍ខេត្តមណ្ឌលគីរី ស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍និងការវិនិយោគនាពេលអនាគត
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ថា វិស័យទេសចរណ៍ខេត្តមណ្ឌលគីរី កំពុងស្ថិតនៅក្នុងដំណាក់កាលនៃការអភិវឌ្ឍន៍ ដែលពោរពេញទៅដោយសក្ដានុពលសម្រាប់ការអភិវឌ្ឍនៅពេលអនាគត ។
កាលពីពេលថ្មីៗនេះ ក្រសួងទេសចរណ៍បានផ្សព្វផ្សាយ សមាសភាពគណៈកម្មាធិការដឹកនាំការអនុវត្តផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី នៅក្នុងក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី អមជាមួយនឹងការប្រកាសផែនការសកម្មភាពនៃផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ។
ឯកឧត្តម ថោង ខុន បានលើកឡើងដែរថា ផែនការមេនេះ នឹងក្លាយជាឯកសារយុទ្ធសាស្រ្តដ៏សំខាន់ ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ក៏ដូចជា តំបន់ភាគឦសានទាំងមូល ពិសេសរួមចំណែកធ្វើឲ្យតំបន់ភាគឦសាន ក្លាយជាប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានគិតគូរយកចិត្តទុកដាក់បំផុត ចំពោះការអភិវឌ្ឍនៅលើទឹកដី នៃខេត្តមណ្ឌលគិរី ។ តាមរយ:ការដាក់ចេញនូវផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី និង ការរៀបចំយន្តការអនុវត្តការងារ ដែលមានការចូលរួមពីសមាសភាពតំណាងក្រសួងស្ថាប័នពាក់ព័ន្ធនានា ដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការដឹកនាំអនុវត្តផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី។
ផ្អែកលើផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី មានគោលដៅតម្រង់ទិសអភិវឌ្ឍន៍ក្នុងក្របខណ្ឌយុទ្ឋសាស្រ្តរបស់ខេត្ត ដោយឈរលើទិន្នន័យ ការវិភាគស្ថានភាពជាក់ស្តែង គ្រប់ប្រភពធនធានដែលមានសក្ដានុពលសម្រាប់ការវិនិយោគ និង អភិវឌ្ឍន៍លើវិស័យទេសចរណ៍ ព្រមទាំងអន្តរវិស័យនានា ក្នុងការអភិវឌ្ឍប្រកបដោយនិរន្តរភាព និង ការទទួលខុសត្រូវខ្ពស់ ព្រមទាំងបង្កើតបាននូវផលប្រយោជន៍សេដ្ឋកិច្ច សង្គម និង ប្រជាពលរដ្ឋមូលដ្ឋាន ។
ខេត្តមណ្ឌលគិរី ត្រូវបានប្រមុខរាជរដ្ឋាភិបាលកំណត់យកជាខេត្តប៉ូលអភិវឌ្ឍសេដ្ឋកិច្ចទី ៤ គឺជាខេត្តដែលមានសក្ដានុពលខ្ពស់លើវិស័យអេកូទេសចរណ៍ កសិឧស្សាហកម្ម ធនធានធម្មជាតិ និង រ៉ែ ដែលសក្កានុពលទាំងអស់នេះជាផ្នែកមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍខេត្តមណ្ឌលគីរី ស្របតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ។
ក្នុងនោះរាជរដ្ឋាភិបាល កំណត់វិសាលភាពនៃសកម្មភាពវិនិយោគ និងអភិវឌ្ឍតំបន់ទាំងប្រាំមួយដូចជា ៖ ១) តំបន់របៀងអេកូទេសចរណ៍និងទេសចរណ៍ធម្មជាតិនៃដែនជម្រកសត្វព្រៃទាំង៥
២) តំបន់របៀងទេសចរណ៍វប្បធម៍និងអេកូទេសចរណ៍ ប៊ូស្រា-ដាក់ដាំ
៣) ក្រុងសែនមនោរម្យ
៤) តំបន់ស្រុកអូររាំងភ្ជាប់ជាមួយការអភិវវឌ្ឍអាកាសដ្ឋានខេត្តមណ្ឌលគិរី
៥) តំបន់ប្រជុំជននៃស្រុកកោះញែក និង
៦) តំបន់ទេសចរណ៍សមាហ័រណតាមច្រកព្រំដែន។
លើសពីនេះ រាជរដ្ឋាភិបាលបានកំណត់ខេត្តមណ្ឌលគិរី ជាគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ និង ប្រែក្លាយជាខេត្តសម្រាប់ការផ្គត់ផ្គង់ផ្កា បន្លែ ផ្លែឈើ សាច់ សម្រាប់បំពេញតម្រូវការក្នុងប្រទេសនិងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
ក្រសួងកសិកម្មក៏មានគម្រោងរៀបចំអោយមានសួនផ្កាចំរុះលើទំហំផ្ទៃដីជាង៤៧០ហិកតា នៅស្រុកអូរាំង និង នៅក្រុងសែនមនោរម្យ ដើម្បីបង្កើតជាទស្សនីយភាពថ្មីមួយសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ ៕
សូមរំលឹកថា ប្រទេសកម្ពុជាមានតំបន់ប៉ូលសេដ្ឋកិច្ចសំខាន់ចំនួនបីរូចមកហើយដូចជា៖ រាជធានីភ្នំពេញ ដែលជាតំបន់ប៉ូលសេដ្ឋកិច្ចទី១ បែបឧស្សាហកម្ម ពាណិជ្ជកម្ម និងវិនិយោគ។ ដោយឡែកឯខេត្តព្រះសីហនុ ជាតំបន់ប៉ូលសេដ្ឋកិច្ចទី២ ដែលជាតំបន់ឆ្នេរដ៏ទាក់ទាញ តំបន់សេដ្ឋកិច្ចពិសេស នៃគំនិតផ្តួចផ្តើមផ្លូវមួយ ក្រវ៉ាត់មួយ តាមរយៈការអភិវឌ្ឍផ្លូវល្បឿនលឿន និងបណ្តាញផ្លូវដែក កំពង់ផែទឹកជ្រៅ ដែលតភ្ជាប់សកម្មភាពពាណិជ្ជកម្មកម្ពុជាទៅកាន់ទីផ្សារពិភពលោក។ រីឯប៉ូលទី៣វិញ គឺខេត្តសៀមរាប ដែលផ្តោតសំខាន់លើសេវាកម្មទេសចរណ៍ វិស័យកសិកម្ម សិប្បកម្មនិងឧស្សាហកម្ម ។
លោកអ្នកអាចស្វែងទិញ លក់ ជួលអចលនទ្រព្យជាង៥មុឺន តាមរយៈគេហទំព័រ ឬកម្មវិធីក្នុងទូរស័ព្ទរបស់ Harbor Property ដោយសេរីនិងឥតគិតថ្លៃ៕