News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

ស្ពានចោមចៅ៖ អ្នកដំណើរលែងបារម្មណ៍រឿងកកស្ទះចរាចរណ៍ទៀតហើយ


ស្ពានអាកាសចោមចៅគឺជាគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាទិភាពជាងគេមួយនៅក្នុងរាជធានីភ្នំពេញ ដោយសារនៅទីនោះតែងតែមានចរាចរណ៍កកស្ទះជាខ្លាំង ព្រោះវាជាចំណុចប្រសព្វរវាងផ្លូវសំខាន់ៗជាច្រើនដូចជា មហាវិថីសហព័ន្ធរុស្ស៉ី ផ្លូវជាតិលេខ៣ ផ្លូវវេងស្រេង និងផ្លូវជាតិលេខ៤។

កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ស្ពានអាកាសចោមចៅនឹងរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងតំបន់ ដែលពីមុនធ្លាប់តែមានការកកស្ទះជារៀងរាល់ថ្ងៃ។ ដូច្នេះ ស្ពាននេះនឹងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវប្រសព្វសំខាន់ៗទាំងឡាយដូចជា មហាវិថីសហព័ន្ធរុស្ស៉ី ផ្លូវជាតិលេខ៣ ផ្លូវវេងស្រេង និងផ្លូវជាតិលេខ៤។

ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ហើយទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា (OCIC)។ គម្រោងស្ពានអាកាស និងផ្លូវក្រោមដីនេះ បានបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨។ គម្រោងនេះ ប្រើប្រាស់ពេលវេលាសាងសង់ ៣០ខែ និងចំណាយថវិកាសាងសង់ប្រមាណ ២២លានដុល្លារ។

ផ្អែកតាមលក្ខណៈបច្ចេកទេសរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ការដ្ឋាននេះត្រូវសាងសង់ដោយបែងចែកជា៣ផ្នែក រួមមាន៖

ស្ពានទី១៖ ជាស្ពានអាកាសមេតភ្ជាប់ចរាចរ ពីមហាវិថីសហព័ន្ធរុស្ស៉ី មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ៤០៨ម៉ែត្រ ទទឹង ១៥.៨ម៉ែត្រ ដែលមានចរាចរពីរគន្លងទៅនឹងពីរគន្លងមកជម្រាលស្ពាន ៤.៥ម៉ែត្រ និងមានកម្ពស់អតិបរមាដែលអាចចរាចរក្រោមស្ពានមាន ៥.៥ម៉ែត្រ។

ស្ពានទី២៖ បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៉ី ឆ្ពោះទៅផ្លូវវេងស្រេង សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត មានប្រវែងសរុប ២០២ម៉ែត្រ (ស្ពានអាកាស ប្រវែង ៤០ម៉ែត្រ ផ្លូវក្រោមដីប្រវែង ១១៨ម៉ែត្រនិងផ្លូវលើដីប្រវែង ៤៤ម៉ែត្រ) ទទឹង ៥.២៥ម៉ែត្រ។

ស្ពានទី៣៖ ជាស្ពានកោងបត់ឆ្វេងតភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ២០៦ម៉ែត្រ (ស្ពានអាកាសប្រវែង ៦០ម៉ែត្រ ផ្លូវក្រោមដីប្រវែង ១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង ២៨ម៉ែត្រ) ទទឹង ៥.២៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។

បន្ថែមពីលើនេះ គម្រោងក៏បានសាងសង់ផ្លូវ និងផ្លូវក្រោមដីមួយខ្សែទៀត ជាផ្លូវកោងតភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៤ មានប្រវែងសរុប ១៣០ម៉ែត្រ (ផ្លូវក្រោមដី ប្រវែង ១៣ម៉ែត្រ និងផ្លូវលើដីប្រវែង ១១៧ម៉ែត្រ) ទទឹង ៨.៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ផ្លូវលើផ្ទៃដី ជាផ្លូវមេតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកផ្លូវវេងស្រេង មានប្រវែងសរុប ២៣៥ម៉ែត្រ ទទឹង ៨.៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លង ទោចក្រយានយន្ត។

គម្រោងក៏បានសាងសង់ផ្លូវក្រោមដីមួយខ្សែ ដែលជាផ្លូវតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៉ី ដែលមានប្រវែងសរុប ៤៧០ម៉ែត្រ ទទឹង ៨.៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។

ប្រភព: Harbor Property