News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

ឯកសារចាំបាច់ដើម្បីរត់ប្លង់រឹងពេលអ្នកទិញខុនដូហើយ


វិញ្ញាបនប័ត្រសម្គាល់ម្ចាស់ចំណែកឯកជន (ប្លង់រឹង)
វិញ្ញាបនប័ត្រសម្គាល់ចំណែកឯកជននៃអគារសហកម្មសិទ្ធ (ខុនដូ) គឺជាប្លង់រឹងស្របច្បាប់ដែលបញ្ជាក់ថាអ្នកទិញគឺជាកម្មសិទ្ធិករនៃចំណែកឯកជនក្នុងអគារសហកម្មសិទ្ធិ ដែលខ្លួនបានទិញពីម្ចាស់គម្រោងជារៀងរហូត មិនមែនជាកម្មសិទ្ធិ៩៩ឆ្នាំនោះទេ។​ តាមផ្លូវច្បាប់ អ្នកដែលបានទិញយូនីត ឬបន្ទប់នៃអគារសហកម្មសិទ្ធិនីមួយៗត្រូវបានម្ចាស់គម្រោងផ្តល់ជូននូវវិញ្ញាបនប័ត្រសម្គាល់ម្ចាស់ចំណែកឯកជនដើម្បីសម្គាល់ថា អ្នកទិញនោះគឺជាកម្មសិទ្ធិករស្របច្បាប់នៃបន្ទប់ ឬយូនីតដែលខ្លួនបានទិញ។

ឯកសារចាំបាច់សម្រាប់ធ្វើប្លង់រឹង

ក. សម្រាប់ជនជាតិខ្មែរ 

ដើម្បីអាចធ្វើប្លង់រឹងបាន អ្នកទិញត្រូវមានឯកសារចាំបាច់មួយចំនួនដូចជា៖ ១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (បញ្ជាក់ដោយអាជ្ញារធរ និងផ្ដិតមេដៃ) ២. សេចក្ដីចម្លងសំបុត្រកំណើត ៣. សៀវភៅគ្រួសារ ឫសៀវភៅស្នាក់នៅ ឫលិខិតបញ្ជាក់ទីលំនៅចេញដោយអាជ្ញារធរ ឃុំ/សង្កាត់ ។

៤. លិខិតបញ្ជាក់ស្ថានភាពគ្រួសារ៖ នៅលីវ (លិខិតបញ្ជាក់ភាពនៅលីវ) មានគ្រួសារ (លិខិតចម្លងសំបុត្រអាពាហ៍ពិពាហ៍ ករណីបែកបាក់គ្រួសារ (លិខិតបញ្ជាក់ភាពពោះម៉ាយ ឫភាពមេម៉ាយចេញដោយអាជ្ញាធរសាមី ករណីបើមានប្ដី ឫប្រពន្ធម្ខាងបានទទួលមរណៈភាព (ត្រូវមានលិខិតចម្លងសំបុត្រមរណភាព)។

ខ. សម្រាប់ជនបរទេសដែលមានសញ្ជាតិខ្មែរ 

ដើម្បីអាចធ្វើប្លង់រឹងបាន អ្នកទិញត្រូវមានឯកសារចាំបាច់មួយចំនួនដូចជា៖ ១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (បញ្ជាក់ដោយអាជ្ញារធ និងផ្ដិតមេដៃ) ២. ព្រះរាជក្រឹត្យស្ដីពីការផ្ដល់សញ្ជាតិខ្មែរ ៣. សេចក្ដីសម្រេចតុលាការ (ករណីជនបរទេសដែលបានផ្លាស់ប្ដូរឈ្មោះ)​ ៤. សៀវភៅគ្រួសារ ឫសៀវភៅស្នាក់នៅ ឫលិខិតបញ្ជាក់ទីលំនៅចេញដោយអាជ្ញារធរ ឃុំ/សង្កាត់ ។

៥. លិខិតបញ្ជាក់ស្ថានភាពគ្រួសារ៖ នៅលីវ (លិខិតបញ្ជាក់ភាពនៅលីវ) មានគ្រួសារ (លិខិតចម្លងសំបុត្រអាពាហ៍ពិពាហ៍ ករណីបែកបាក់គ្រួសារ (លិខិតបញ្ជាក់ភាពពោះម៉ាយ ឫភាពមេម៉ាយចេញដោយអាជ្ញាធរសាមី ករណីបើមានប្ដី ឫប្រពន្ធម្ខាងបានទទួលមរណៈភាព (ត្រូវមានលិខិតចម្លងសំបុត្រមរណភាព)។

ទាក់ទងនឹងសិទ្ធិកាន់កាប់ខុនដូររបស់ជនបរទេស នៅឆ្នាំ២០១០​ រដ្ឋសភាកម្ពុជាបានអនុម័តច្បាប់មួយ ស្តីពីការផ្តល់កម្មសិទ្ធិលើចំណែកឯកជននៃអគារសហកម្មសិទ្ធិដល់ជនបរទេសដើម្បីគ្រប់គ្រង និងផ្តល់យន្តការផ្សេងៗក្នុងការការគ្រប់គ្រង។

យោង​តាម​ច្បាប់​ស្តី​ពី​ការ​ផ្តល់​សិទ្ធិកម្មសិទ្ធិ​លើ​ចំណែក​ឯកជន​នៃ​អគារ​សហកម្មសិទ្ធិ​ដល់​​ជនបរទេស អគារ​សហកម្មសិទ្ធិ គឺ​សំដៅ​ដល់​អគារ ឬ​សំណង់​ដែល​មានកម្ម​សិទ្ធិករ​ច្រើន​នាក់​រស់នៅ​។ អគារ​សហកម្មសិទ្ធិ​មាន​ចំណែក​ខ្លះ​ជា​កម្មសិទ្ធិ​ផ្តាច់មុខ​របស់​សហកម្មសិទ្ធិករ​នីមួយ​ៗ ហៅ​ថា «​ចំណែក​ឯក​ជន​» និង​មាន​ចំណែក​ខ្លះ​ជា​លំហ​រួម​សម្រាប់​ការ​ប្រើប្រាស់​រួម​របស់​សហកម្មសិទ្ធិករ​ទាំង​អស់ ហៅ​ថា «​ចំណែក​រួម​»​។ ការ​បង្កើត​ច្បាប់​នេះ​ឡើង សំដៅ​ទាក់ទាញ និង​សម្រួល​ដល់​ធុរកិច្ច​របស់​វិនិយោគិន​លើ​វិស័យ​សំណង់ ព្រមទាំង​ជួយ​ដល់ទី​ផ្សារ​អចលនវត្ថុ​នៅ​កម្ពុជា។

យោង​តាម​មាត្រា​៦​នៃ​ច្បាប់​នេះ បាន​ចែង​ថា ជនបរទេស​មាន​សិទ្ធិកម្មសិទ្ធិ​លើ​ចំណែក​ឯកជន​នៃ​អគារ​សហកម្មសិទ្ធិ ចាប់ពី​ជាន់​ទី​១ (​មួយ​)​ឡើង​ទៅ ។ ជាន់​ផ្ទាល់​ដី និង​ជាន់​ក្រោម​​ដី មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជនបរទេស​មាន​សិទ្ធិកម្មសិទ្ធិ​ឡើយ ។

មួយវិញទៀត ជនបរទេសមិនអាចមានសិទ្ធិធ្វើជាម្ចាស់កម្មសិទ្ធិលើចំណែកឯកជននៃអគារសហកម្មសិទ្ធិមួយកន្លែងលើលពី ៧០% នៃទំហំផ្ទៃក្រឡានៃអគារទាំងមូលបានឡើយ (យោងតាមអនុក្រឹត្យ លេខ ៨២ អនក្រ.បក ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១០)។

បច្ចុប្បន្ន អគារសហកម្មសិទ្ធិ ឬខុនដូ កំពុងតែមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ពិសេសនៅទីក្រុងភ្នំពេញ និងក្រុងព្រះសីហនុ ដែលជាទីតាំងដ៏មានសក្តានុពលបំផុតផ្នែកសេដ្ឋកិច្ចនៅកម្ពុជា ដោយអគារខុនដូទាំងនោះមានការដាក់លក់ជួលជាច្រើនស្របតាមតម្រូវការរបស់អតិថិជនជាតិ និងអន្តរជាតិ៕

ប្រភព: Harbor Property